រុក្ខជាតិម្រុំ ផលិតជាឱសថ និង អាហារបំប៉នសំរាប់សុខភាព

125

ភ្នំពេញ៖ ស្ទើតែមិនគួរឱ្យជឿថាម្រុំជាដំណាំធម្មជាតិម្យ៉ាង ដែលប្រជាជនកម្ពុជានិយម យកមក ធ្វើជាបន្លែសម្រាប់ស្លស្លុកពិសារនោះ បានក្លាយជារុក្ខជាតិដ៏សំខាន់ ក្នុងការទាក់ទាញ អ្នកវិនិយោគពីបណ្តារប្រទេសធំៗ និង ជារុក្ខជាតិឱសថដ៏មានប្រសិទ្ធភាព សម្រាប់ព្យាបាលជំងឺ ការទ្រទ្រង់សរីរាង្គមនុស្ស និងជាអាហារបំប៉នសុខភាពដ៏អស្ចារ្យទៅវិញសោះ។
ក្រុមអ្នកប្រាជ្ញ ផ្នែកវិទ្យាសាស្ត្រ មកពីប្រទេសបារាំង តាមរយៈក្រុមហ៊ុនដ៏ធំមួយ (Medikhmer Pharmaceutical Co., Ltd) បានមកសិក្សាស្រាវជ្រាវ ទៅលើរុក្ខជាតិឱសថ នៅក្នុងប្រទេសកម្ពុជា អស់រយៈកាលជាង៥ឆ្នាំ បានរកឃើញថា នៅក្នុងប្រទេសកម្ពុជាសម្បូរទៅដោយរុក្ខជាតិឱសថ ដែលអាចផលិតជាឱសថ សម្រាប់សុខភាពមនុស្ស ។ ក្នុងការស្រាវជ្រាវនោះ បានចាប់អារម្មណ៍ខ្លាំងបំផុតទៅលើរុក្ខជាតិម៉្យាង ដែលមានថាមពលដ៏អស្ចារ្យក្នុងការទ្រទ្រង់សុខភាពមនុស្សគឺ រុក្ខជាតិម្រុំ ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Daniel COHEN, MD, PhD, Geneticist ដែលជាឥស្សរជនជាន់ខ្ពស់ជនជាតិបារាំង លោកគឺជាអ្នកប្រាជ្ញវិទ្យាសាស្ត្រផ្នែកកោសិកាវិទ្យាដំបូងបង្អស់ដែល បានរកឃើញ និងបង្កើតនូវបច្ចេកវិទ្យាសំរាប់អានកូដរបស់កោសិកា DNA និង ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនៃទីក្រុងប៉ារីស ប្រទេសបារាំង សាកលវិទ្យាល័យ SHANGHAI សាកល វិទ្យាល័យ Xian ប្រទេសចិន និងនៅសាកលវិទ្យាល័យ Béer Cheva ប្រទេសអ៊ីស្ត្រាអែល ហើយបានបោះពុម្ពផ្សាយ នូវសៀវភៅ និងអត្ថបទវិទ្យាសាស្ត្រចំនួនជាង ១០០ ច្បាប់ និង បានរកឃើញនូវឱសថព្យាបាលជំងឺផ្សេងៗជាង ២០មុខ លោកសាស្ត្រាចារ្យធ្លាប់បានទទួលនូវគ្រឿងឥស្សរយសជាន់ខ្ពស់របស់ប្រទេសបារាំង La Légion d’Honneur គ្រឿងឥស្សរយសជាន់ខ្ពស់ផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ PRIX DROIT DE L’HOMME UNESCO និងគ្រឿងឥស្សរយសជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជាច្រើនផ្សេងទៀត។ លោកបាន អញ្ជើញមកប្រទេសកម្ពុជាជាង៥ឆ្នាំ និងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតលើរុក្ខជាតិ ម្រុំ បង្ហាញថា ម្រុំជារុក្ខជាតិឱសថដ៏អស្ចារ្យ រាប់តាំងពី សំបក, ឬស,ស្លឹក,គ្រាប់ និង ផ្កា ត្រូវ បានគេប្រើ ដើម្បីធ្វើជាឱសថបុរាណនៅក្នុងប្រទេសជាច្រើន ។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យ Daniel Cohen បានបង្ហាញពីអត្ថប្រយោជន៍និមួយៗរបស់រុក្ខជាតិប្រភេទនេះគឺ ជារុក្ខជាតិមានវីតាមីនច្រើនមុខ ស្លឹកវាសម្រាប់ទ្រទ្រង់រាងកាយ ប្រឆាំងជំងឺ បានច្រើនប្រភេទ ហើយផ្លែវាអាចធ្វើជាម្ហូប និងចំណីហិរបាន មិនតែប៉ុណ្ណោះ គ្រាប់វាអាច ផលិតជាប្រេងលាបធ្វើឱ្យស្បែកភ្លឺរលោង និងធ្វើជាប្រេងរំអិលដាក់ក្នុង សម្ភារៈប្រើប្រាស់មានគុណភាពខ្ពស់ និងអាចផលិតជាវត្ថុធាតុដើមបានច្រើនមុខទៀត នៅ ក្នុងវិស័យឧស្សាហកម្ម និយាយជារួមសូម្បីកាកសំណល់ចម្រាញ់រួចក៏មានប្រយោជន៍ដែរ៕