ទី​បំផុត​ Salah ​​និយាយ​ចេញ​​មក​ហើយ​ទាក់ទង​នឹង​របួស​របស់​ខ្លួន​កាល​ប៉ះ​គ្នា​​ជាមួយ​ Ramos

9

តារា​​​បាល់ទាត់​ទើប​នឹង​រះ​ Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​និយាយ​ថា​ការ​​​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​ពាន​រង្វាន់​ Champions League ដោយសារ​របួស​​ស្មា​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​អាជីព​របស់​ខ្លួន​ ខណៈ​ដែល​​គាត់​ប្រឈម​នឹង​ការ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ នេះ​​ជាមួយ​ជម្រើស​ជាតិ​អេហ្ស៊ីព​។ Salah បាន​បោះ​បង់​​ចោល​ការ​ប្រកួត​ពាក់​កណ្ដាល​ទី​​​ និង​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ទាំង​ទឹក​ភ្នែក​ បន្ទាប់​ពី​ការ​ដណ្ដើម​បាល់​គ្នា​ជាមួយ​ខ្សែ​ការពារ​ Sergio Ramos​​ ដែល​ធ្វើ​ឲ្យ​គាត់​មានរបួស​ស្មា​ អំឡុង​ពេល​ក្រុម​របស់​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ Real Madrid កាល​ពី​ខែ​មុន​​ក្នុង​ជំនួប​ Champions League ដែល​ជា​លទ្ធផល​ Real បាន​លត់​ Liverpool ៣-១ លើក​ពាន​ជា​លើក​ទី​ ១៣ របស់​ពួក​គេ​។

វា​គឺ​ជា​របួស​ដែល​​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីព​ ក៏​ដូចជា​អ្នក​គាំទ្រ​របស់​ពួកគេ​ មុន​ពេល​ព្រឹត្តិការណ៍​ World Cup នៅ​ប្រទេស​រុស្ស៊ី​ចូល​មក​ដល់​ បើ​ទោះ​​បី​ជា​អ្នក​​ចាត់​ការ​របស់​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីព​បាន​អះអាង​ពី​ក្ដី​សង្ឃឹម​ថា​ Salah នឹង​ជា​ទាន់​ពេល​ និង​អាច​ចូល​​ទីលាន​ប្រកួត​​បាន​ ខណៈ​ដែល​ Salah ផ្ទាល់​បាន​រៀប​រាប់​ថា​ការ​ចាក​ចេញ​ពី​ទីលាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ពេល​នោះ​គឺ​​ជា​រឿង​ដ៏​អាក្រក់​បំផុត​មួយ​សម្រាប់​គាត់​​។ “ការចាកចេញ​ពី​ទីលាន​ប្រកួត​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ​។” គាត់​បាន​ថ្លែង​ប្រាប់​កាសែត​ Marca ។ “ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​នឹង​​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ World Cup បាន​ទេ​មើល​ទៅ​…”

អេហ្ស៊ីព​​នឹង​បើក​ការ​ប្រកួត​​ World Cup សម្រាប់​ពូល​ A របស់​ពួក​គេ​​នៅ​ថ្ងៃ​ទី​ ១៥ មិថុនា​ខាង​មុខ​​ដោយ​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ូហ្គាយ​។ ហើយ​​អេហ្ស៊ីព​​ក៏​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ និង​​អារ៉ាប៊ីសាអូឌីត​ផង​ដែរ​​​ដែល​នៅ​ក្នុង​ពូល​ A ជាមួយ​គ្នា​ ខណៈ​ដែល​ពួកគេ​ត្រៀម​បញ្ចប់​ការ​រង់ចាំ​រយៈពេល​ ២៧ ឆ្នាំ​​របស់​ពួក​គេ​ក្នុង​ការ​ឡើង​មក​កាន់​ការ​ប្រកួត​ពាន​ World Cup ។ “សម្រាប់​ពួក​យើង​ ការ​បាន​ឡើង​មក​កាន់​ World Cup គឺ​វា​ស្ទើរ​តែ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ពី​អេស្ប៉ាញ​នៅ​ពេល​ពួក​គេ​លើក​ពាន​។” Salah បន្ថែម​។

ប្រែ​សម្រួល​ ៖ ភក្ដី