គ្រូ​បង្វឹក​លំដាប់​​ពិភពលោក​មួយ​រូប​បាន​បដិសេធ​​សំណើ​មក​ជំនួស​កៅអី​ Zidane នៅ​ Real Madrid

13

លោក​ Massimiliano Allegri ត្រូវ​បាន​គេ​រាយការណ៍​​ឲ្យ​ដឹង​ថា​គាត់​បាន​​បដិសេធ​ការ​ទៅ​​ដឹកនាំ​ក្រុម​យក្សស​ Real Madrid ខណៈដែល​គ្រូ​បង្វឹក​នៃ​​ក្រុម​ខ្លាំង​នៅ​លីក​អ៊ីតាលី​ Juventus រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​បេក្ខភាព​មួយ​រូប​ដែល​ត្រូវ​បាន​លោក​ Florentino Perez ​ចង់​ទាក់ទង​ដើម្បី​ឲ្យ​ទៅ​​កាន់​តំណែង​នៅ​កីឡដ្ឋាន​ Bernabeu ជំនួស​អ្នក​ចាត់​ការ​​ចាស់​ លោក​ Zinedine Zidane ដែល​បាន​រត់​​ចោល​កៅអី​កាល​ពី​ថ្មីៗ​កន្លង​ទៅ​។ ហើយ​ការ​បដិសេធ​​នឹង​សំណើ​របស់​​ Real Madrid ​ពី​សំណាក់​​លោក​ Allegri គឺ​ត្រូវ​បាន​លួច​បង្ហើប​ប្រាប់​ដោយ​វិទ្យុ​អេស្ប៉ាញ​ Cadena SER

ទន្ទឹម​នឹង​នោះ​កាសែត​ Gazzetta dello Sport ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​គ្រូ​បង្វឹក​ជនជាតិ​អ៊ីតលី​​វ័យ​ ៥០ ឆ្នាំ​រូប​​នេះ​មាន​​បំណង​​បន្ត​រួម​រស់​ជាមួយ​ក្រុម​​ Juventus ដោយ​មិន​ខ្វល់​ពី​ការ​ចង់​ចាក​ចេញ​អ្វី​ឡើយ​។ ហើយ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​ Perez ពុំ​បាន​​បង្ហាញ​បំណង​ចង់​​របស់​ខ្លួន​ទៅ​កាន់​លោក​ Allegri ដោយ​ផ្ទាល់​ទេ​ គឺ​គាត់​បាន​ទាក់ទង​តាម​រយៈ​អតីត​នាយក​ក្លិប​ AC Milan លោក​ Adriano Galliani ប៉ុន្តែ​​​ Allegri បាន​បញ្ជាក់​ថា​គាត់​គ្មាន​បំណង​ចាក​ចេញ​ពី​ក្រុម​យក្ស​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​ទេ​។

ដំណឹង​នៃ​ការ​​បដិសេធ​របស់​លោក​ Allegri អាច​ជា​ដំណឹង​​​ល្អ​សម្រាប់​បេក្ខភាព​​គ្រូ​បង្វឹក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​​ផ្សា​ភ្ជាប់​ជាមួយ​ Real Madrid ដែល​មាន​ដូចជា​ ៖ អតីត​​គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក​ Arsene Wenger និង​លោក​ Mauricio Pochettino ​​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham ខណៈ​ដែល​គ្រូ​បង្វឹក​ថ្នាល​យុវជន​ Real Madrid លោក​ Guti ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ផង​ដែរ​។

ប្រែ​សម្រួល​ ៖ ភក្ដី