Mbappe ថា​ Dembele ទើប​សម​ជា​កីឡាករ​​វ័យ​ក្មេង​ល្អ​បំផុត​លើ​ពិភពលោក​

9

កីឡាករ​ Kylian Mbappe ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម​ Paris Saint Germain បាន​ពោល​សរសើរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Ousmane Dembele របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ថា​ជា​កីឡាករ​ក្មេង​ល្អ​បំផុត​លើ​ពិភពលោក​ បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោ​អំឡុង​ពេល​បារាំង​ប្រកួត​មិត្តភាព​ជាមួយ​អ៊ីតាលី​។
Mbappe និង​ Dembele បាន​​សហការ​គ្នា​ក្នុង​ប្រព័ន្ធ​ប្រយុទ្ធ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann របស់​ក្រុម​ Atletico Madrid នៅ​ក្នុង​ជំនួប​ខាង​លើ​ដែល​បារាំង​បាន​យក​ឈ្នះ​អ៊ីតាលី​ដែល​​បាន​ខក​ខាន​ឱកាស​ឡើង​ទៅ​ World Cup ដោយ​លទ្ធផល​ ៣-១ នាទី​ក្រុង​ Nice ។


ក្នុង​ប្រកួត​នោះ​ដែរ​ Dembele បាន​រក​​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បារាំង​មួយ​គ្រាប់​ និង​ក៏​ជា​គ្រប់​ទី​​បី​​របស់​បារាំង​ផង​ដែរ​ ខណៈ​ដែល​ Mbappe ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​លើ​ពិភពលោក​​ដែរ​នោះ​គិត​ថា​ Dembele គួរ​តែ​ទទួល​បាន​ងារ​កីឡាករ​វ័យ​​ក្មេង​ល្អ​បំផុត​នេះ​ទើប​សម​។ “វា​គឺ​ជា​ភាព​ជា​ដៃ​គូ​ដ៏​ជោគជ័យ​មួយ​។” Mbappe បាន​និយាយ​។ “យើង​​ចុះ​​សម្រុង​គ្នា​ល្អ​ណាស់​ ហើយ​​យើង​កោត​សរសើរ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។ ខ្ញុំ​តែង​តែ​ចង់​លេង​ជាមួយ​កីឡាករ​ល្អៗ​។ ហើយ​ខ្ញុំ​មាន​កីឡាករ​កំពូលៗ​ចំនួន​ ២ រូប​លេង​ក្បែរ​ខ្ញុំ​ ដែល​ពួក​​គាត់​នោះ​គឺ​ Griezmann កីឡាករ​​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ទាំង​ ១០ និង​ Dembele កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​លើ​ពិភពលោក​សម្រាប់​ខ្ញុំ​។”


Dembele បាន​​អត់ទ្រាំ​​​នឹង​ភាព​លំបាក​​ក្នុង​ការ​ចាប់​ផ្ដើម​រដូវកាល​ដំបូង​​របស់​ខ្លួន​ជាមួយ​ Barcelona បន្ទាប់​ពី​ការ​ផ្ទេរ​​​​ ១០៥ លាន​អឺរ៉ូ​​​ ចេញ​ពី​ Borussia Dortmund កាល​ពី​​ចុង​ខែ​សីហា​ឆ្នាំ​ទៅ​។
ផ្ទេរ​មក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ នៅ​ខែ​កញ្ញា​កីឡាករ​វ័យ​ ២១ ឆ្នាំ​រូប​នេះ​បាន​រង​របួស​​ ហើយ​ក៏​​ត្រូវ​​នៅ​ក្រៅ​ទីលាន​ប្រកួត​រហូត​ដល់​ខែ​មករា​​​ទើប​អាច​ចូល​លេង​បាន​​វិញ​ និង​តែង​តែ​​ត្រូវ​បាន​លោក​ Ernesto Valverde គ្រូ​បង្វឹក​ Barcelona ដាក់​ឲ្យ​​ជាប់​ជម្រើស​ ១១ នាក់​ដំបូង​ជា​ញឹកញាប់​​។

ទន្ទឹម​​នឹង​ពាក្យ​ចរចាម​អារ៉ាម​នៃ​ការ​ផ្សា​ភ្ជាប់​ Barcelona ជាមួយ​ការ​ផ្ទេរ​ Griezmann ក្នុង​តម្លៃ​ខ្លួន​ ១០០ លាន​អឺរ៉ូ​​​ ក៏​មាន​ប្រភព​ខ្លះ​​លួច​បង្ហើប​ថា​​ក្លិប​នៃ​លីក​កំពូល​រប​ស់​អេស្ប៉ាញ​មួយ​នេះ​អាច​នឹង​​ឲ្យ​ Dembele ទៅ​ក្លិប​ផ្សេង​ខ្ចី​ជើង​ ខណៈ​ដែល​ក្រុម​ចំនួន​ ២ នៅ​លីក​កំពូល​របស់​អង់គ្លេស​គឺ​ក្រុម​កាំភ្លើង​ធំ​ Arsenal និង​ក្រុម​ហង្ស​ក្រហម​ Liverpool ​ចាប់​អារម្មណ៍​ចង់​បាន​គាត់​។

ប្រែ​សម្រួល​ ៖ ភក្ដី