ជម្រើសជាតិកម្ពុជា នៅឈរចំណាត់ថ្នាក់ចំនួនលេខ១៧០ ពោលគឺធ្លាក់ចំណាត់ថ្នាក់២លេខ បើធៀបទៅនឹងខែមេសា កន្លងទៅឈរលេខ១៦៨

21

កីឡាៈ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​បង្ហាញ​តារាង​ចំណាត់​ថ្នាក់​​ក្រុម​បាល់ទាត់​ទាំង​អស់​ជា​សមាជិក​របស់​ខ្លួន (FIFA World Ranking) ដែល​មាន ២០៦ប្រទេស ប្រចាំ​ខែឧសភា ​ឆ្នាំ​២០១៧ នៅ​​ថ្ងៃព្រហស្បតិ៍ ​ទី១៧ ខែឧសភា នេះ​ស្រប​ពេល​ក្រុម​កម្ពុជា នៅ​ឈរ​​ចំណាត់​ថ្នាក់​ចំនួន​​លេខ១៧០ ពោល​គឺ​ធ្លាក់​ចំណាត់​ថ្នាក់​២លេខ បើ​ធៀប​ទៅ​នឹង​ខែ​មេសា កន្លង​ទៅ​ឈរ​លេខ​១៦៨។

 យោង​តាម​វេបសាយ​ fifa.com បាន​បញ្ជាក់​ថា​តារាង​ចំណាត់​ថ្នាក់​នេះ​គិត​ចាប់​ពី​​ថ្ងៃ​ទី១៧ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ។ សរុប​​តារាង​ចំណាត់​ថ្នាក់​​ប្រចាំ​​តំបន់​អាស៊ាន ​ប្រទេស​វៀតណាម ឡើង​មក​ឈរ​កំពូល​តារាង៥ខែ​ជាប់គ្នា​ ដោយ​ឈរ​លេខ​១០២​ពិភពលោក បន្ទាប់​ពី​វ៉ាដាច់​ហ្វីលីពីន នៅ​លេខ​១១១ តាម​ពី​ក្រោយ​ក្រុម​ថៃ ឈរ​លេខ​១២២ពិភពលោក, មីយ៉ាន់ម៉ា លេខ​១៣៥, ឥណ្ឌូណេស៊ី លេខ១៦៤, កម្ពុជា លេខ​១៧០, ម៉ាឡេស៊ី លេខ១៧១, សិង្ហបុរី លេខ​១៧៣, ឡាវ លេខ១៧៩, ទីម័រខាងកើត លេខ១៩០ និង​ប្រ៊ុយណេ លេខ​១៩៥។

 បើ​រាល់​តារាង​ចំណាត់​ថ្នាក់​​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីប​អាស៊ី ក្នុង​ខែឧសភា នេះ​មានអ៊ីរ៉ង់ ​ឈរ​លេខ៣៦​ពិភពលោក, ​អូស្រ្តាលី លេខ​៤០, ជប៉ុន លេខ​៦០, កូរ៉េខាងត្បូង ​លេខ៦១, អារ៉ាប៊ីសាអ៊ូឌីត លេខ​៦៧, ចិន លេខ​៧៣, គីហ្ស៊ីស្ថាន លេខ​៧៥, ស៊ីរី លេខ៧៦, អារ៉ាប់រួម លេខ​៨១ និងលីប៉ង់ លេខ​៨២ពិភពលោក។

 សម្រាប់​ចំណាត់​ថ្នាក់​ក្រុម​ខ្លាំង​ជាង​គេ​ប្រចាំ​ពិភពលោក​ក្នុង​ខែឧសភា​ នេះ​មាន​អាល្លឺម៉ង់ ឡើងម​ក​ឈរ​ចំណាត់​ថ្នាក់​លេខ១ ចំនួន៩ខែ​ជាប់​គ្នា​ ខណៈ​​ក្រុម​ប្រេស៊ីល បន្ត​​​ឈរ​​លេខ២ ហើយ​ប៊ែលហ្ស៊ិក ​ឈរ​លេខ​៣​, ព័រទុយហ្គាល់ ធ្លាក់​ទៅ​​​លេខ ៤, ប្រទេស​​អាហ្សង់ទីន ឈរ​​លេខ៥, ស្វីស លេខ​៦ បារាំង លេខ៧, អេស្ប៉ាញ លេខ៨, ឈីលី​ ឡើង​មក​​​លេខ ៩ និងប៉ូឡូង ឈរ​ចំណាត់​ថ្នាក់​​​លេខ​១០៕