ប្រវត្តិ និងអត្ថន័យព្រះរាជពិធីបុណ្យអុំទូក…

45

តាមឯកសារខ្លះបានសរសេរថា ៖ពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីដ៏ធំមួយនៅប្រទេសកម្ពុជា ។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនិងបុណ្យ ប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្ន ប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។

ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់គឺ ក្នុងបំណងដឹងគុណដល់ព្រះគង្គានិងព្រះធរណី
ដែលបានផ្តល់ដល់ជីវភាពរស់នៅនិងសុខមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱយកករល្អក់ ។


ការបកស្រាយចុងក្រោយនេះគឺវាដូចគ្នាបេះបិទទៅនឹងទំនៀមទំលាប់ព្រហ្មញ្ញសាសនាហើយក៏ស្របទៅនឹងស្ថាន
ភាពភូមិសាស្រ្តជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង ។

ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ខែកក្តិកស្របទៅនឹងពេលបញ្ចប់រដូវទឹកជំនន់ ដែលក្នុងរយះពេលប៉ុន្មានខែមកនេះ បានធ្វើឱ្យបឹងបួរទន្លេទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ថាប៉ុន្មានសប្តាហ៍កន្លងមកហើយដែលទឹកទន្លេសាបហូរ ត្រឡប់មកវិញនិងជាក្តីបញ្ជាក់ទៀតផងថាពេលនេះស្រូវក្នុងស្រែកំពុងតែទុំហើយ ។

នៅពេលដែលទឹកទន្លេមេគង្គលេច ជន់ ខែសីហា វិច្ឆិកាទឹកជំនន់ដ៏សន្ធឹកសន្ធាប់ហូរស្រោចស្រពបឹងបួរតាមរយះទន្លេ សាប ដែលហូរពីត្បូងទៅជើង ។

ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាម ទន្លេសាប ដដែលពីជើងមកត្បូងវិញ ។ ទឹកជំនន់ទន្លេមេគង្គពិសេសជំនន់នៅតាមបឹងបួរមានប្រភពពីប្រទេសទីបេដ៏សែនឆ្ងាយ បានផ្តល់ដល់ជីវភាពស្រែចំការនៅប្រទេសកម្ពុជាយើង ។

ដីល្បាប់ដែលបានដោយសារទឹកជំនន់ ទន្លេមេគង្គនិង បឹងបួរទាំងឡាយបានធ្វើឱ្យដីមានជីរជាតិបង្ករបាននូវធនធានសម្បូណ៌បែប ។ ដំណាំទាំងឡាយ ដែលកសិករខ្មែរធ្វេីតាមសង្វាក់នៃទឹកសំរកបានផ្តល់នូវផលយ៉ាងច្រើនរាំងស្កាត់គ្រោះទុរភិក្ស ។

ដូច្នេះហើយបានជាដល់រដូវទឹកសំរក បុរាណខ្មែរ យើងក៏កំណត់យក ថ្ងៃពេញបូរមីខែកក្តិករៀងរាល់ឆ្នាំរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
អកអំបុក ដើម្បីសំដែងមនោសញ្ចេតនាដឹងគុណចំពោះ ទន្លេមេគង្គនិងទន្លេសាបដែលបានផ្តល់ជីរជាតិយ៉ាងសំខាន់ បំរើ វិស័យកសិកម្ម ។

ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើអស់ថេរវេលា៣ថ្ងៃគឺថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិកនៅតាមដងទន្លេសាប និងកំពង់ផែព្រះបរមរាជវាំង ។

ប្រភពពិធីបណ្តែតប្រទីបគម្ពីរទាថាវង្ស ភាសាបាលីចែងថា៖ ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាននៅទីទាំង៤គឺ ១ នៅត្រៃត្រឹង្សសួគ៌ ២ នៅពិភពនាគ ៣ នៅស្រុកគន្ធា ៤ នៅទន្តបុរះ កលិង្គរដ្ឋ

ភាណវារះបាលីត្រង់ពុទ្ធនមក្ការគាថាចែងថា៖ ស្នាមព្រះបាទព្រះសម្មាសម្ពុទ្ធប្រតិស្ឋាន នៅទីទាំង៥គឺ ១ នៅសុវណ្ណមាលិកបពត៌ ២ នៅសុវណ្ណបពត៌ ៣ នៅសុមនកូដបពត៌ ៤ នៅយោនកបុរី ៥ នៅស្ទឹងនម្មទា

ពាក្យសរសើរព្រះបាទ យសបាទេ ទាំងបាលីទាំងសំរាយចែងថា ៖
ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ឋាននៅទីទាំង៥ដូចក្នុងភាណវារះដែរ ។ ដោយហេតុមានគម្ពីរ ដីកាជា ប្រភពយ៉ាង នេះបានជាពុទ្ធបរិស័ទ ខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីប នៅរាត្រីពេញបូរមី ខែអស្សុជក្រោយមកគេប្រារព្ធធ្វើពិធី បណ្តែតប្រទីប នៅរាត្រី១៤ , ១៥ , និង ១រោចខែកក្តិកបូជាចំពោះ ព្រះចង្កូមកែវនៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹង នម្មទា និងនៅទីឯទៀតៗ ដូចពោលខាងលើ ដោយជឿថា ជាកុសលយ៉ាងធំបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើន រុងរឿងដល់ខ្លួន ដល់រាស្រ្ត និងដល់ប្រទេសជាតិ ។

 

ប្រភពពិធីបុណ្យសំពះព្រះខែ អកអំបុក តាមគម្ពីរ បរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាលីចែងថា ៖
ក្នុងដើមភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើង ទ្រង់យោងយកកំណើតជាសសបណ្ឌិត កំណើតជាទន្សាយ ថ្ងៃមួយខែពេញបូរមី សសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសសមំសះ ជាទានបរមត្ត បារមីដើម្បីបំពេញ ពោធិសម្ភារឱ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទបានទ្រង់ជ្រាប ពីហេតុការណ៍នោះ ក៏ទ្រង់ក្រឡាព្រះអង្គជាព្រាហ្មចាស់ មកសុំ មំសា សសបណ្ឌិត ជាអាហារ ។

សសបណ្ឌិតពោធិសត្វបាន ឱ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុង ពេលដែលភ្លើង កំពុងឆេះ សន្ធោសន្ធៅ សសបណ្ឌិត ក៏រលាស់ខ្លួនបីដងដើម្បីឱ្យសត្វល្អិតដែលជាប់នឹង រោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។

អស្ចារ្យភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្ម ក៏ស្ទុះទៅពរព្រះ ពោធិសត្វ ឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលា គូររូបទន្សាយ ហើយឥន្ទព្រាហ្ម អធិដ្ឋានថាសូម ឱ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ទីបំផុតកប្ប ។

ដោយអនុភាពទាន បរមត្តបារមីនៃ ព្រះពោធិសត្វផង និងសេចក្តី អធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដ ក្នុងមណ្ឌលព្រះច័ន្ទរហូតដល់ សព្វថ្ងៃ ។ដោយមានជំនឿតាមរយះរឿងនេះហើយ បានជានៅវេលារាត្រី ពេញបូរមីខែកក្តិករៀងរាល់ឆ្នាំខ្មែរយើងយកនំចំណី មានអំបុក ចេក ជាដើមមកបូជាព្រះច័ន្ទហៅ ថាពិធីបុណ្យសំពះព្រះខែ អកអំបុក ៕