ឯកឧត្តម អ៊ាង សុផល្លែត៖ យើងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រមាណ២២០.០០០តោន ក្នុងមួយឆ្នាំ ឬ៤,៤លានតោន ក្នុងរយៈពេលផ្គត់ផ្គង់២០ឆ្នាំទៅមុខ

47

ប្រទេសចិន៖ វេទិកាវិថីសូត្របៃតង បានរៀបចំឡើង ក្នុងគោលគំនិតប្រកបដោយ ការទទួលខុសត្រូវលើសកម្មភាព និងគោលនយោបាយចំពោះបរិស្ថាននិងសង្គម ដើម្បីរួមចំណែកទប់ស្កាត់ការធ្លាក់ចុះនូវគុណភាពដី និងការប្រែប្រួលអាកាសធាតុ វេទិកាវិថីសូត្របៃតងត្រូវបានបង្កើតឡើង ក្រោមទស្សនៈខ្សែក្រវ៉ាត់មួយ វិថីមួយ បរិស្ថានរួម (One Belt, One Road, One Environment)។

នៅឆ្នាំ២០១៩ វេទិកានេះ ត្រូវបានរៀបចំដោយក្រសួងអេកូឡូស៊ីនិងបរិស្ថាន ជាមួយបណ្តាវេទិកាមួយចំនួនទៀត ក្នុងឱកាសនៃវេទិការួមស្តីពីខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (the 2nd Belt and Road Forum for International Cooperation) ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នាថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០១៩ នេះ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត តំណាង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមវេទិកាវិថីសូត្របៃតង (Thematic Forum on Green Silk Road) ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិ (China National Convention Center) នាទីក្រុងប៉េកាំង។

ក្នុងឱកាសនៃវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ជូនអង្គវេទិកាអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាចីរភាពបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅធានាបាននូវតុល្យភាពសេដ្ឋកិច្ច បរិស្ថាន សង្គមនិងវប្បធ៌ម។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គវេទិកាពីគោលនយោបាយអភិវឌ្ឍន៍បៃតង ដែលកម្ពុជាបាននិងកំពុងអនុវត្ត។ ជាក់ស្តែង តាមរយៈគោលនយោបាយនេះ កម្ពុជា បានជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ ដែលរហូតមកដល់បច្ចុប្បន្ននេះ ស្ថានីយអគ្គិសនីដំណើការដោយថាមពលពន្លឺព្រះអាទិត្យ (ទាំងអស់ដែលភ្ជាប់បណ្តាញហើយ កំពុង ប្រតិបត្តិការសាងសង់ ឬបានអនុម័តរួចហើយ) មានលទ្ធភាពផ្គត់ផ្គង់ថាមពលប្រមាណ១២% នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យមក្នុងបណ្តាប្រទេសអាស៊ាន។ តាមការផ្គត់ផ្គង់ថាមពលព្រះអាទិត្យខាងលើនេះ យើងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រមាណ២២០.០០០តោន ក្នុងមួយឆ្នាំ ឬ៤,៤លានតោន ក្នុងរយៈពេលផ្គត់ផ្គង់២០ឆ្នាំទៅមុខ៕