នារីអ្នកចម្រៀងម្នាក់ ដាក់ពាក្យប្តឹងថៅកែរបស់ខ្លួន ទៅមន្រ្តីកងរាជអាវុធហត្ថ ដោយទាមទារសំណងជំងឺចិត្ត ៣ម៉ឺនដុល្លារ

47

(ភ្នំពេញ)៖ ជីវិតជានារីអ្នកចម្រៀងអាជីពពិតជាត្រូវឆ្លងកាត់
ឆាកជីវិតជូរចត់ ពោរពេញដោយរឿងអាស្រូវ និងការឈ្នានីសពីបុរសស្រេកឃ្លានតណ្ហាមួយចំនួន។ ជាក់ស្ដែងកញ្ញា ប្រាក់ ផាន់នី អាយុ១៩ឆ្នាំ ព្រោះតែភាពក្រីក្រ នាងបានជាចាប់យកអាជីពជាអ្នកចម្រៀងសម្តែង ក្នុងកម្មវិធីប្រគំតន្រ្តី (ខនសឺត) តាមខេត្តក្រុងនានា គ្រាន់បានប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមឪពុកម្ដាយចាស់ជរា និងចិញ្ចឹមប្អូនបង្កើត២នាក់ រស់នៅក្នុងបន្ទុកបានរៀនសូត្រខ្ពស់។

ប៉ុន្តែជីវិតរបស់នាង ត្រូវបានលោកថៅកែ បានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង ១ឆ្នាំមកហើយ តែនាងមិនព្រមក៏ព្រោះដឹងថា គាត់មានប្រពន្ធ និងកូន២នាក់រួចទៅហើយ ធ្វើឲ្យលោកថៅកែតាមឈ្នានីស និងរហូតប្រើហិង្សាទៀតផង។

ដោយទ្រាំទង្វើហិង្សាមិនបានតទៅទៀត កញ្ញា ផាន់នី ក៏សម្រេចដាក់ពាក្យបណ្តឹងទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីជួយដោះស្រាយជូននាង និងចាត់ការទៅលើថៅកែរបស់ខ្លួន ដែលជាជនបង្ក។

កញ្ញា ប្រាក់ ផាន់នី ហៅអមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានា និងជាអ្នកច្រៀងក្នុងកម្មវិធីកីឡារបស់ស្ថានីយទូរស្សន៍មួយផងនោះ បានថ្លែងថា នាងពិតជាទទួលយកមិនបានឡើយ ចំពោះលោក ហុង ហ្សែន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងបុរីឡាយគង់ ភូមិម័រ សង្កាត់-ខណ្ឌដង្កោ ជាថៅកែដំឡើងឆាកតន្ត្រីខនសឺត ដែលតាមយាយីជីវិតនាងមិនឲ្យរស់សុខស្រួល និងមិនឲ្យនាងប្រកបរបរជាអ្នកចម្រៀង គ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិត និងគ្រួសារនោះ។

នាងថា រយៈពេលជាង ១ឆ្នាំមកនេះ ដោយសារសុំស្នេហ៍ពីនាងមិនបានលោក ហុង ហ្សែន តែងតាមព្យាបាទ និងប្រើអំពើហិង្សាដាក់នាងចំនួន ៤លើកមកហើយ ហើយថែមទាំងប្រើពាក្យគំរាមថា «បើអញយកនាងឯង មិនបានទេ អ្នកណាក៏មិនអាចយកនាងឯងបានដែរ អញនឹងតាមព្យាបាទនាងឯងរកទីបញ្ចប់គ្មានឡើយ»។ ទីបំផុត! ការគំរាមនេះ លោកថៅកែ បានធ្វើបានមែន ដោយបានប្រើអំពើហិង្សាដាក់នាងចំនួន ៤លើករួមមាន៖ លើកទី១៖ នៅខេត្តក្រចេះ, លើកទី២៖ នៅខេត្តស្វាយរៀង, លើកទី៣៖ នៅក្រុងប៉ោយប៉ែត (ពេលនោះនាងត្រូវលោក ហុង ហ្សែន វាយបែកក្បាលដេរអស់ ៥ថ្នេរ) និងលើកទី៤ នៅខណ្ឌដង្កោ។

ក្រោយពីមានអំពើហិង្សានេះ នាងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ តែពេលនោះប្រពន្ធរបស់លោក ហុង ហ្សែន បានមកលើកដៃសំពះអង្វរនាង សូមឱ្យនាងដកពាក្យបណ្ដឹងវិញ ព្រោះបើប្ដីជាប់គុកគ្មានអ្នកណាជួយចិញ្ចឹមកូនទេ ហើយដោយនាងទន់ចិត្ត និងមានមនោសញ្ចេតនាចំពោះប្រពន្ធលោក ហុង ហ្សែន នាងក៏សុខចិត្តដកពាក្យបណ្ដឹងវិញ ដោយគ្មានទទួលសំណងមួយសេនណាឡើយ។

លុះរហូតមកដល់យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ លោកថៅកែនៅតែមិនអស់ចិត្ត បានតាមយាយីនាងម្តងទៀត ខណៈនាងចូលរួមសម្តែងក្នុងកម្មវិធីសិល្បៈ នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពេលនោះនាងច្រៀងចប់កំពុងដើរចុះមកក្រោយឆាក ស្រាប់តែថៅកែបានដេញវាយនាងផ្អើលគេផ្អើលឯងធ្វើឲ្យនាងមានកាអាម៉ាស់ចំពោះ មុខមហាជនឈរមើលយ៉ាងត្រៀបត្រា។

ពេលនោះបើកុំតែមានគេជួយធ្វើអន្តរាគមន៍ទាន់ច្បាស់ជានាងរងរបួសធ្ងន់ ឬអាចបាត់បង់ជីវិតផងដែរក៏មិនដឹង។ នេះជាលើកទី៤ ហើយដែលឈ្មោះ ហុង ហ្សែន បានប្រើអំពើហិង្សាដាក់នាង ហើយម្ដងនេះនាងលែងមានការអនុគ្រោះទៀតហើយ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោជួយរកយុត្តិធម៌ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ដោយទាមទារសំណងជំងឺចិត្តចំនួន ៣ម៉ឺនដុល្លារ ទើបនាងសុខចិត្ត។

ការយាយីនេះដែរ បានធ្វើឲ្យនាងបាក់ស្បាតខ្លបខ្លាចលោក ហុង ហ្សែន ខ្លាំងណាស់ សូម្បីគេជួលទៅសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៅមជ្ឈមណ្ឌលកម្សាន្ត ប្លាហ្សា កៀនស្វាយ ចាប់ពីថ្ងៃទី២០-២៦ ខែឧសភា ឆ្នាំ២០១៩ ក៏នាងមិនហ៊ានចេញទៅសម្តែងដែរ៕