ធម្មជាតិមិនប្រណីមនុស្សសត្វសោះ!!! រន្ទះបាញ់ផ្តាច់ជីវិតមួយគ្រួសារ៣នាក់ គឺប្តី ប្រពន្ឋនឹងកូនតូចគ្មានសល់ពីណាម្នាក់ឡើយ

47

កំពង់ធំ៖ ហេតុការណ៍ដ៍រប្ឋត់នេះបានកើតឡើង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចម្ការដំឡូងមួយកន្លែងតំបន់ភូមិសាស្ត្រក្រានដែក មានចម្ងាយពីភូមិប៉ុន្មានជាង២គីឡូម៉ែត្រ ស្ថិតក្នុងភូមិ ជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងទៀតថា លោកស្រី ប៊ិន ម៉ៃ ត្រូវជាបងថ្លៃរបស់សព ខូយ ឡែន បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧ ប្អូនថ្លៃរបស់ខ្លួនឈ្មោះ ខូយ ឡែន ប្រពន្ធនិងកូន បាននាំគ្នាទៅដាំដំឡូងបង្ហើយ នៅឯចម្ការតំបន់ក្រានដែក ដែលជាទីកន្លែងកើតហេតុ។ លុះល្ងាចឡើង មិនឃើញពួកគេត្រឡប់ទៅផ្ទះវិញសោះ។

បើតាមលោកស្រី ប៊ិន ម៉ៃ លោកស្រីស្មានថាពួកគាត់ ស្នាក់នៅឯចម្ការ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅតែមិនឃើញពួកគេទៅផ្ទះទៀត លោកស្រី ប៊ិន ម៉ៃ ក៏ទៅតាមមើលនៅឯចម្ការ។

លោកស្រី បន្តថា ពេលទៅដល់ចម្ការភ្លាម លោកស្រីឃើញពួកគេទាំងបីនាក់ ដេកស្លាប់នៅក្រោមដើមស្វាយក្នុងចម្ការតែម្តង។ លោកស្រីមានការភិតភ័យខ្លាំងណាស់ ក៏ត្រឡប់ទៅផ្ទះវិញប្រាប់សាច់ញាតិពីដំណឹងនេះ និងបានរាយការណ៍ទៅអាជ្ញាធរភូមិផងដែរ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា ក្នុងករណីស្លាប់នេះ គឺសាកសពទាំងបីមានលក្ខណៈធុំក្លិនរលួយ ហើយសន្និដ្ឋានថាបណ្តាលមកពីរន្ទះបាញ់។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕