រដ្ឋបាលរាជធានី ស្នើឲ្យលោកប្រធានគណបក្សខ្មែរក្រោក កែតម្រូវពាក្យសម្តីដែលបានបង្ហោះក្នុងផេកតាមរយៈផេក William Guang បើពុំនោះទេ…….

42

(ភ្នំពេញ) យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអ្នកសារព័ត៌មាន ទទួលបាននៅថ្ងៃទី១៤ ខែមីនានេះ ដែលជម្រាបមកឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបញ្ជាក់ពីសំណើសុំធ្វើការកែតម្រូវ​ អត្ថបទនៃការបង្ហោះផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ខែមីនា ឆ្នាំ២០១៩។

 

តាមរយៈលិខិតនេះ លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា “តាមរយៈផេក William Guang ដែលត្រូវបានស្គាល់ថា ជាផេក របស់លោកប្រធាន បានបង្ហោះផ្សាយអត្ថបទកាលពីខែ១២មីនា ឆ្នាំ២០១៩ សរសេរថា ” …សួរថាតើស្តាប់សម្តីចៅហ្វាយក្រុង និងស្តាប់សំឡេង គីគី ព្រុសមួយណាល្អជាង…” ក្នុងន័យផ្សារភ្ជាប់ករណីគ្រោះថ្នាក់ចរាចរនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាមួយវិធានការគ្រប់គ្រង ការចរាចរណ៍រថយន្តធុនធ្ងន់ចេញចូលក្រុង ដោយប្រើពាក្យពេចន៍អសីលធម៌ គ្មានមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានអត្ថន័យផ្ទុយទាំងស្រុងពីការពិត ប៉ុន្តែមានចរិតមួលបង្កាច់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យមតិសាធារណៈមានការភាន់ច្រឡំ នាំឲ្យប៉ះពាល់ដល់កិតិ្តយស សេចក្តីថ្លៃថ្នូ របស់អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ស្ថាគមន៍ និងរង់ចាំទទួលការរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែពុំមែនជាការប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសរហូតដល់ថ្នាក់ប្រៀបប្រដូចមនុស្ស ជាមួយសត្វធាតុជាច្រើនលើកច្រើនសារនោះទេ”។

លោកសេង វណ្ណៈ បានបន្ថែមថា “ក្នុងន័យនេះ ដើម្បីរក្សាតម្លៃតួនាទី ជាប្រធានគណបក្សមួយរូប ផ្តល់តម្លៃជូនមន្រ្តីរាជការសាធារណៈ និងដើម្បីផ្តល់ជូនព័ត៌មានសុក្រឹត្យ និងត្រឹមត្រូវដល់សាធារណជន រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកប្រធានពិនិត្យខ្លឹមសារ កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការ ក្នុងបទ “ការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ”៕