ករណីរថយន្តដឹកដី បុករះរថយន្ត ចំនួន៧គ្រឿងនៅស្តុបវិថីឈ្នះឈ្នះកែងផ្លូវ​ភ្នំពេញ-ហាណូយក្នុងខណ្ឌសែនសុខ

23

ភ្នំពេញ ៖  ករណីរថយន្តដឹកដី បុករះរថយន្ត ចំនួន៧គ្រឿងនៅស្តុបវិថីឈ្នះឈ្នះកែងផ្លូវ​ភ្នំពេញ-ហាណូយក្នុងខណ្ឌសែនសុខ ហេតុការណ៍ខាងលើ​នេះ​បានកើតឡើង​កាលពីវេលាម៉ោង​​​៩​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​​៨ មីនា ស្ថិត​នៅវិថីឈ្នះឈ្នះកែងផ្លូវ​ភ្នំពេញ-ហាណូយ ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្ត​​បង្ក​​ខាងលើជា​ប្រភេទ​បែន​ដី ម៉ាក​​ហ៊ីណូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ៣A-៤៨២៨ បើកបរ​ដោយបុរស​ម្នាក់មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចបាត់ស្រមោល ។ ចំណែក​រថយន្តដែលរងការ​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​​​៥គ្រឿង​រួម​មាន ​១-រថយន្ត​ម៉ាកគា ពណ៌ទឹកប្រាក់ ២-រថយន្ត​ម៉ាកព្រូស ពណ៌ទឹកប្រាក់​ ៣-រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទដឹកឥដ្ឋ ៤-រថយន្តម៉ាក​ហ៊ីណូ បែនដឹកដី និង​៥-រថយន្ត​មួយគ្រឿង​មិនស្គាល់ម៉ាក ។

តាមប្រភព​ពី​សាក្សីនៅកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ​ គេឃើញ​រថយន្ត​ទាំង​​​៧គ្រឿង​ខាងលើបាន​ឈប់​ស្តុប​ជា​បន្តបន្ទាប់ ពេលនោះស្រាប់តែ​​រថយន្តបែនដឹកដីមួយគ្រឿង​ខាងលើ​​​បានធ្វើ
ដំណើរ​ក្នុងទិស​ដៅ​ពីលិចមក​កើត ក្នុងល្បឿន​លឿន ហើយត្រូវបានគេ​អះអាង​ថា​​ហ្វ្រាំង​មិនស៊ី ក៏ជ្រុលទៅបុក​រថយន្ត​ម៉ាក​គា ហើយ​រុញទៅបុក​រថយន្តម៉ាកហ៊ីយ៉ាន់​ និង​រុញទៅបុក​ជា​បន្ត​បន្ទាប់រហូតដល់​ទៅ​​៧​គ្រឿង​ បណ្តាល​​​ឱ្យ​រងការ​ខូចខាត​​​ធ្ងន់ធ្ងរ​ចំនួន​៥​គ្រឿង ដោយឡែក​រថយន្ត​២គ្រឿង​ទៀត​ដោយសាររងការ​ខូចខាត​ស្រាលក៏​បាន​បើកចេញទៅ ។ ក្នុង​ករណីខាងលើនេះ​មិន​បណ្តាល​​ឱ្យ​មនុស្សណាម្នាក់រ​​ងរបួសឡើយ ។

តាមសេចក្តីរាយការណ៍​បាន​បន្តទៀត​ថា តាម​ការ​អះអាង​របស់​ម្ចាស់​រថយន្ត​ព្រូសដែលរងគ្រោះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពីកើេតហេតុ គាត់​បាន​ចាប់​ឃាត់ខ្លួន​​អ្នក​បើកបរ​​រថយន្ត​បង្ក​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដែរ​ តែ​មិនដឹង​ថា​សមត្ថកិច្ច​ខាងណានោះទេ ហើយ​គេសង្ស័យ​ថា​​ សមត្ថកិច្ច​​បាន​ដោះលែងអ្នកបើកបរ​រថយន្ត​​ខាងលើ​ឱ្យ​រត់បាត់ ។

ទន្ទឹមនឹងនោះ​ក៏មាន​ការ​ប្រតិកម្មពីម្ចាស់​រថយន្ត​រងគ្រោះ​ផងដែរ ​ព្រោះ​គាត់​ខំប្រឹង​ចាប់ឃាត់​ខ្លួន​អ្នក​បើកបរ​បង្ក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ តែ​បែរជា​សមត្ថកិច្ច​ដោះលែង​ឱ្យ​រត់​បាត់ទៅវិញ ៕

ប្រភព៖ FB